កម្ពុជា-ថៃ នឹងដំឡើងច្រកទ្វារតំបន់ព្រំដែនភ្នំដី (គីឡូ១៣) ទៅជាច្រកទ្វារអន្ដរជាតិមួយទៀត នៅថ្ងៃទី០១ ខែតុលា, ការឆ្លងកាត់ត្រូវបិទជាបណ្តោះអាសន្នពេញមួយព្រឹក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្ពុជា-ថៃ នឹងដំឡើងច្រកទ្វារតំបន់ព្រំដែនភ្នំដី (គីឡូ១៣) ទៅជាច្រកទ្វារអន្ដរជាតិមួយទៀត នៅថ្ងៃទី០១ ខែតុលា, ការឆ្លងកាត់ត្រូវបិទជាបណ្តោះអាសន្នពេញមួយព្រឹក

25/09/2017
(បាត់ដំបង)៖ ច្រកទ្វារតំបន់ព្រំដែនភ្នំដី ឬគីឡូ១៣ ដែលស្ថិតនៅឈមគ្នារវាងខេត្តបាត់ដំបង និងខេត្តស្រះកែវ ត្រូវភាគីទាំង២កម្ពុជា-ថៃ នឹងប្រកាសជាផ្លូវការដំឡើង ទៅជាច្រកព្រំដែនអន្ដរជាតិ គីឡូ១៣ ជាផ្លូវការនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ។

ប្រធានទីស្នាក់ការច្រកទ្វារមួយនេះ លោក ឃឹម ទិព្វមុនី នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ
ថ្ងៃប្រកាសជាផ្លូវការ ដំឡើងច្រកទ្វារតំបន់ព្រំដែនភ្នំដី ទៅជាច្រកទ្វារអន្ដរជាតិគីឡូ១៣ (ភ្នំដី) នឹងធ្វើឡើងក្រោមវត្តមានរបស់អភិបាលខេត្តបាត់ដំបង និងអភិបាលខេត្តស្រះកែវ ប្រទេសថៃ ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងកងកម្លាំងសមត្ថកិច្ចនៃប្រទេសទាំង២ជាច្រើនរូបទៀតផង។

លោក ឃឹម ទិព្វមុនី បានបញ្ជាក់ថា នៅពេលដំឡើងជាច្រកអន្ដរជាតិ សម្រាប់ខេត្តបាត់ដំបង ដែលជាប់ព្រំដែនខេត្តស្រះកែវ ប្រទេសថៃ នឹងមានច្រកអន្ដរជាតិចំនួន២ ដែលបច្ចុប្បន្នមានច្រកអន្ដរជាតិដូង ស្ថិតនៅស្រុកកំរៀង។

ប្រធានទីស្នាក់រូបនេះ​បានបន្ដថា ច្រកទ្វារអន្ដរជាតិថ្មីនេះ ដែលស្ថិតនៅក្នុងស្រុកសំពៅលូន ពេលបើកដំណើរការជាផ្លូវការ នឹងមានវត្តមាននគរបាលអន្ដោប្រវេសន៍ ដើម្បីត្រួតពិនិត្យ និងការចេញលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្ដរជាតិឆ្លងកាត់ច្រកមួយនេះ។

យោងតាមសេចក្ដីជូនដំណឹង របស់ទីស្នាក់ត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនភ្នំដី ក៏បានបញ្ជាក់ផងដែរថា នៅពេលពិធីរៀបចំជាផ្លូវការ នៅព្រឹកថ្ងៃទី០១ ខែតុលានោះ អាជ្ញាធរខេត្តទាំង២ នឹងបិទការឆ្លងកាត់ជាបណ្ណោះអាសន្នសម្រាប់ប្រជាពលរដ្ឋ ពាណិជ្ជករ និងអាជីវករ ព្រមទាំងការដឹកជញ្ជូនទំនិញឆ្លងកាត់ ប៉ុន្ដែពេលកម្មវិធីបានធ្វើរួច នឹងបើកដំណើរការជាធម្មតាឡើងវិញ។

ច្រកអន្ដរជាតិដែលស្ថិតនៅតាមព្រំដែនរវាងប្រទេសកម្ពុជា ជាមួយប្រទេសឡាវ ថៃ និងវៀតណាម មានជាង១០ច្រករួមមាន៖ ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ច្រកទ្វារអន្ដរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ច្រកទ្វារអន្ដរជាតិបាវិត ក្នុងខេត្តស្វាយរៀង, ច្រកទ្វារអន្ដរជាតិព្រែកចាក ខេត្តកំពត, ច្រកទ្វារអន្ដរជាតិត្រពាំងគ្រៀល ក្នុងខេត្តស្ទឹងត្រែង, ច្រកទ្វារអន្ដរជាតិត្រពាំងស្រែ ក្នុងខេត្តក្រចេះ, ច្រកទ្វារអន្ដរជាតិអូរយ៉ាដាវ ក្នុងខេត្តរតនគិរី, ច្រកទ្វារអន្ដរជាតិភ្នំឌិន ក្នុងខេត្តតាកែវ, ច្រកទ្វារអន្ដរជាតិស្ទឹងបត់ ក្នុងខេត្តបន្ទាយមានជ័យ, ច្រកទ្វារអន្ដរជាតិចាំយាម ក្នុងខេត្តកោះកុង, ច្រកទ្វារអន្ដរជាតិព្រំ ក្នុងខេត្តប៉ៃលិន, ច្រកទ្វារអន្ដរជាតិអូរស្មាច់ ក្នុងខេត្តបន្ទាយមានជ័យ, ច្រកទ្វារអន្ដរជាតិជាំ ក្នុងខេត្តឧត្តរមានជ័យ, ច្រកទ្វារអន្ដរជាតិអានសេះ ក្នុងខេត្តព្រះវិហារ, ច្រកទ្វារអន្ដរជាតិអូរនាង ក្នុងខេត្តបន្ទាយមានជ័យ ច្រកទ្វារអន្តរជាតិបន្ទាយចក្រី ក្នុងខេត្តព្រៃវែង និងច្រកទ្វារអន្ដរជាតិរកាជាដើម៕