សភា សម្រេចឱ្យតុលាការបន្តនីតិវិធីរបស់ខ្លួនលើ លោក កឹម ​សុខា ដែលប្រព្រឹត្តអំពើក្បត់ជាតិ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សភា សម្រេចឱ្យតុលាការបន្តនីតិវិធីរបស់ខ្លួនលើ លោក កឹម ​សុខា ដែលប្រព្រឹត្តអំពើក្បត់ជាតិ

11/09/2017
(ភ្នំពេញ)៖ ទីបំផុត ! សមាជិករដ្ឋសភាភាគច្រើន នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានសម្រេចឱ្យស្ថាប័នតុលាការបន្តនីតិវិធីរបស់ខ្លួនចំពោះ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ។
ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំវិសាមញរបស់រដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព សម្តេច ហេង​ សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិករដ្ឋសភាចំនួន៦៧រូប ខណៈដែលក្រុមតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ ធ្វើពហិកាមិនចូលរួម។

លោក​ សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា បក្សប្រឆាំងមិនមានលទ្ធភាពផ្អាកនីតិវិធីតុលាការនោះទេ។ ក្នុងករណីនេះ បេីចង់ផ្អាកនីតិវិធីតុលាការ ក្នុងការចាប់ខ្លួន ការចោទប្រកាន់ ការនាំខ្លួន និងការឃុំខ្លួន លោក កឹម សុខា ដែលប្រព្រឹត្តបទល្មើសជាក់ស្តែងនោះ លុះត្រាតែមានសំឡេង ៣/៤នៃចំនួនតំណាងរាស្រ្ត ក្នុងរដ្ឋសភាទាំងមូល។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់​លោកស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានអនុវត្ត តាមការបញ្ជារបស់សហរដ្ឋអាមេរិក ដើម្បីដណ្តើមអំណាចពីរាជរដ្ឋាភិបាលច្បាប់កម្ពុជា ដែលកើតចេញពីការបោះឆ្នោត។

កាលពីនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះប្រឈមនឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ៕