តុលាការចេញដីកា​សម្រេច​ឃុំ​ខ្លួន ​ជនដៃដល់​សម្លាប់​កូនស្រី​​បង្កើត និង​សម្លាប់​ឪពុក​ក្មេក​ ព្រោះខឹងប្រពន្ធសុំលែងរឿងចាប់រំលោភម្តាយក្មេក​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តុលាការចេញដីកា​សម្រេច​ឃុំ​ខ្លួន ​ជនដៃដល់​សម្លាប់​កូនស្រី​​បង្កើត និង​សម្លាប់​ឪពុក​ក្មេក​ ព្រោះខឹងប្រពន្ធសុំលែងរឿងចាប់រំលោភម្តាយក្មេក​

05/09/2017
(ភ្នំពេញ)​៖ លោក​ ពេជ្រ​ វិជ្ជា​ធរ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​ នេះ​ បានចេញដីកាសម្រេច​ឃុំ​ខ្លួន​ ជនដៃដល់​ដែល​ពាក់ព័ន្ធ​ករណី​សម្លាប់​កូន​ស្រី​តូច​បង្កើត ​និង​សម្លាប់​ឪពុក​ក្មេក​ ដោយសារតែខឹងប្រពន្ធសុំលែងលះ ព្រោះរឿងចាប់រំលោភម្តាយក្មេក​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ បន្ទាប់​ពី​លោក​ ងិន​ ពេជ​ ព្រះ​រាជ​អាជ្ញា​រង ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទប្រកាន់​ពី​បទ​ «ឃាតកម្ម​គិត​ទុក​ជា​មុន​» តាម​មាត្រា​២០០ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​។​
សូមបញ្ជាក់ថា ​​​ជនដៃដល់រូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោក អេង សុភា នាយការិយាល័យកម្រិតធ្ងន់ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានឱ្យដឹងថា ជនដែលជាឃាតកដ៏សាហាវឃោរឃៅ រឹតកសម្លាប់កូនស្រីខ្លួនឯងអាយុ៣ឆ្នាំ និងសម្លាប់ឪពុកក្មេកដែលមានជំងឺព្យាបាល​នៅមន្ទីរពេទ្យ ត្រូវបានចាប់ខ្លួននៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក៏កំពុងបញ្ជូនបន្តមកស្នងការដ្ឋានរាជធានីភ្នំពេញ។
លោក អេង សុភា បានបញ្ជាក់ថា ការឃាត់ខ្លួនេះធ្វើឡើងដោយ មានការសហការយ៉ាងជិតស្និតជាមួយ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ស្វាយរៀង និងកម្លាំងនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ។
ជុំវិញអំពើឃាតកដ៏សាហាវនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ពីដើមហេតុថា នៅថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧ ជនសង្ស័យដែលជា​ឃាតកឈ្មោះ អេង សំណាង អាយុ២៦ឆ្នាំ ចាប់រំលោភម្តាយក្មេក និងព្យាយាមច្របាច់កសម្លាប់ តែមិនបានសម្រេច ព្រោះរត់រួចឲ្យអ្នកជិតខាងជួយ។ ក្រោយមកជនសង្ស័យ បានគំរាមថា បើហ៊ានប្តឹងសមត្ថកិច្ច រូបគេនឹងសម្លាប់មួយពូជតែម្ដងនៅខេត្តស្វាយរៀង​។
ក្រោយមកនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ប្រពន្ធរបស់ឃាតក ក៏បានសុំលែងលះ ដោយសារដឹងមូលហេតុថា ប្តីបានរំលោភម្តាយបង្កើតរបស់ខ្លួន ហើយពេលនោះឃាតក បានយកកូនស្រីអាយុ៣ឆ្នាំ ទៅភ្នំពេញជាមួយខ្លួន។

លុះនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ជនសង្ស័យបានសម្លាប់កូនស្រីរបស់ខ្លួន ដោយរឹតកនឹងខ្សែភ្លើង នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ​​សំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ហើយបានរត់គេចខ្លួនទៅខេត្តស្វាយរៀង បន្ដសម្លាប់ឪពុកក្មេកម្នាក់ទៀត ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ដោយច្របាច់កនៅក្នុងបន្ទប់ទឹក​។
សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា នៅពេលជនសង្ស័យចូលទៅសម្លាប់ឪពុកក្មេកនោះ នៅក្នុងបន្ទប់សម្រាកនោះមិនមានអ្នកជំងឺ ឬក្រុមគ្រួសារនៅជាមួយនោះទេ ព្រោះតែ​ប្រពន្ធអ្នកជំងឺបាន​ឆ្លៀតពេលទៅក្រៅ ដើម្បីប្តឹងសមត្ថកិច្ច ចំណែកប្រពន្ធបានជាប់ធ្វើការនៅរោងចក្រ និងគ្មានទូរស័ព្ទទាក់ទង៕