រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីពង្រឹងកិច្ចសហការ ដើម្បីបម្រើប្រជាជន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីពង្រឹងកិច្ចសហការ ដើម្បីបម្រើប្រជាជន

05/09/2017
(កំពង់ឆ្នាំង)៖ ក្នុងឱកាសចុះសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសំណូមពរដល់មន្ត្រីទាំងអស់ពង្រឹងកិច្ចសហការគ្នា ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព សំដៅឆ្លើយតបនឹងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រៅពីដាក់ឲ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្មសំខាន់ៗ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្មនៅក្នុងប្រទេស បច្ចុប្បន្នក្រសួងពាណិជ្ជកម្មបានកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តិសំខាន់ៗក្រោមវិស័យពាណិជ្ជកម្មដូចជា៖ ច្បាប់ e-Commerce ច្បាប់ប្រកួតប្រជែង ច្បាប់ការពារអ្នកប្រើប្រាស់ និងច្បាប់សុវត្ថិភាពចំណីអាហារ ដើម្បីផ្តល់ភាពងាយស្រួលជូនវិស័យឯកជននៅកម្ពុជា ក្នុងការបំពេញប្រតិបត្តិការអាជីវកម្ម។ មួយផ្នែកនៃច្បាប់ទាំងនេះ ក៏នឹងជួយសម្រួលដល់មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងការបំពេញភារកិច្ចប្រសើរជាងមុន ជាពិសេសការការពារអ្នកប្រើប្រាស់ ការបង្ក្រាបទំនិញខូចគុណភាព និងការទប់ស្កាត់ប្រតិបត្តិការធុរកិច្ចបែបទុច្ចរិត។
លោក ប៉ាន សូរស័ក្តិ បានបន្តទៀតថា ដើម្បីជួយសម្រួលដល់ការនាំទំនិញ និងកសិផលឆ្លងកាត់ព្រំដែន ក្រសួងបានធ្វើប្រតិភូកម្មលើការចេញវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ (CO) ជូនមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង, បន្ទាយមានជ័យ និងបរប៉ៃលិន។ ប្រសិនបើកិច្ចការនេះ អាចដំណើរការដោយរលូន ក្រសួងនឹងពង្រីកការផ្តល់សេវា CO ជូនមន្ទីរពាណិជ្ជកម្មនៅក្នុងខេត្តផ្សេងៗថែមទៀត។
ទន្ទឹមគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានសំណូមពរដល់មន្ត្រីវ័យក្មេង ខិតខំពង្រឹងសមត្ថភាពភាសាចំនួនបី (ភាសាអង់គ្លេស, ភាសាកុំព្យូទ័រ, ភាសាជំនាញ) ដើម្បីជាទុនក្នុងការងារបំពេញការងារប្រចាំថ្ងៃ និងការផ្តល់សេវាសាធារណៈជូនវិស័យឯកជននៅក្នុងខេត្តកំពង់ឆ្នាំង ដែលពោរពេញដោយសក្តានុពលទាំងផ្នែកកសិកម្ម, សិប្បកម្ម, និងឧស្សាហកម្ម ព្រមទាំងមានលក្ខណៈអំណោយផលខ្ពស់ សម្រាប់ការដឹកទំនិញតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

ជាចុងក្រោយលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានប្រគល់ថវិកាចំនួន ២លានរៀល ជូនថ្នាក់ដឹកនាំមន្ទីរមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខេត្តកំពង់ឆ្នាំង ដើម្បីប្រើប្រាស់ក្នុងការចំណាយទៅតាមតម្រូវការជាក់ស្តែង៕