ស្វែងយល់៖ ជីវប្រវត្តិលោកស្រី យីងឡាក់ អតីតនាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ថៃ ដែលទើបរត់ចោលស្រុក​គេចចេញពីដីកាចាប់ខ្លួនរបស់តុលាការ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្វែងយល់៖ ជីវប្រវត្តិលោកស្រី យីងឡាក់ អតីតនាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ថៃ ដែលទើបរត់ចោលស្រុក​គេចចេញពីដីកាចាប់ខ្លួនរបស់តុលាការ!

02/09/2017
(បាងកក)៖ លោកស្រី យ៉ីងឡាក់ ជាពាណិជ្ជករ អ្នកនយោបាយ ជាសមាជិកគណបក្សភឿថៃ និងធ្លាប់ជានាយករដ្ឋមន្ត្រីទី​២៨ របស់ប្រទេសថៃ បន្ទាប់ពីការ​បោះឆ្នោត​ឆ្នាំ២០១១។
លោកស្រី​ជានាយករដ្ឋមន្ត្រីស្ត្រី​តែមួយគត់ និងក្មេងជាងគេ​ក្នុងរយៈពេល ៦០ឆ្នាំ ចុងក្រោយនេះ។ គណបក្សរបស់លោកស្រី ត្រូវ​បានយោធាធ្វើរដ្ឋប្រហារទម្លាក់ពី​អំណាចនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ដោយ​រកឃើញថា លោកស្រី​បំពានអំណាច និងប្រព្រឹត្តអំពើ​ពុករលួយ។
ថ្មីៗនេះ លោកស្រីមិនបានបង្ហាញខ្លួននៅចំពោះមុខតុលាការកំពូល សម្រាប់ការប្រកាសសាលក្រម ពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានធ្វេសប្រហែស​ដែលធ្វើឱ្យខាតបង់​ថវិកាជាតិជាង ០៨ពាន់លានដុល្លារ ដែលអាចឱ្យលោកស្រីប្រឈមមុខ​ជាប់ពន្ធនាគារ ១០ឆ្នាំ។ ខាងក្រោមនេះ​ជាព័ត៌មានសំខាន់ៗ​ ពាក់ព័ន្ធនឹង​អតីតនាយករដ្ឋមន្ត្រី​ស្ត្រី​រូបនេះ៖

* នាយករដ្ឋមន្ត្រីថៃ៖ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤
* រដ្ឋមន្ត្រីការពារជាតិ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៣ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤
* ថ្ងៃខែឆ្នំាកំណើត៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៦៧ (អាយុ៥០ឆ្នាំ)
* គណបក្សនយោបាយ៖ បក្សភឿថៃ
* ស្វាមី៖ លោក អាណុនសូន អាម៉ុនឆាត (Anusorn Amorncht) (រៀបការឆ្នាំ១៩៩៥)
* កូន៖ ម្នាក់

១៖ ជីវិតពីកុមារភាព និងមុខរបរពាណិជ្ជកម្ម
លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត្រា ជាកូនពៅក្នុងចំណោម​កូនទាំង ០៩នាក់ របស់​លោក ឡូត ស៊ីណាវ៉ាត្រា និងលោកស្រី យិនឌី រ៉ាមម៉ីងវ៉ុង។ ឪពុករបស់ យីងឡាក់ ជាពាណិជ្ជករ និងជាសមាជិកសភាក្នុងទីក្រុង ឈៀងម៉ៃ។ យីងឡាក់ មានជាប់សែស្រឡាយ​នៃអតីតព្រះរាជា​ឈៀងម៉ៃ តាមរយៈជីដូនខាង​ម្តាយរបស់​លោកស្រី គឺអ្នកអង្គម្ចាស់ ចាន់ធីប ណាឈៀងម៉ៃ។

យីងឡាក់ បានធំដឹងក្តីនៅក្នុងទីក្រុង​ឈៀងម៉ៃ និងរៀន​នៅសាលា Coeli ជាសាលាឯកជន​សម្រាប់តែសិស្សស្រី​សម្រាប់ថ្នាក់​មធ្យមសិក្សា​បឋមភូមិ និងសាលា Yupparaj សម្រាប់ថ្នាក់​មធ្យមសិក្សា​ទុតិយភូមិ។ នាងបានសិក្សា​ថ្នាក់បរិញ្ញាប័ត្រ​ផ្នែករដ្ឋបាល​សាធារណៈ និងវិទ្យាសាស្ត្រ​នយោបាយ នៅសកលវិទ្យាល័យ​ឈៀងម៉ៃ ក្នុងឆ្នាំ១៩៨៨ និងបញ្ចប់ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ (ឯកទេសគ្រប់គ្រង ប្រព័ន្ធ​ព័ត៌មាន ពីសកល​វិទ្យាល័យ Kentucky State ។ ក្រោយមក​នាងបានក្លាយជា​ប្រធានផ្នែកផលិតកម្ម និងជានាយក​ប្រតិបត្តិការ។

ក្នុងឆ្នាំ១៩៩៤ នាងបានក្លាយជា​អ្នកគ្រប់គ្រងទូទៅ​របស់ Rainbow Media ដែលជាក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់សាជីវកម្ម Broadcasting Corporation (ដែលក្រោយ​មកបានក្លាយ​ជាក្រុមហ៊ុន TrueVisions) ។ ស្ត្រីរូបនេះមានភាពជោគជ័យជាខ្លាំងក្នុងរបរអាជីពរបស់ខ្លួន។ លោកស្រីមាន​កូនម្នាក់​ឈ្មោះ Supasek បន្ទាប់ពីរៀបការ​ជាមួយស្វាមី​ឈ្មោះថា Anusorn Amornchat ដែលជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន Charoen Pokphand  និងជាប្រធានគ្រប់គ្រងក្រុមហ៊ុន M Link Asia Corporation PCL។ ប្អូនស្រីរបស់​លោក Anusorn ឈ្មោះ Yaowapa Wongsawat ជាភរិយា​របស់អតីត​នាយករដ្ឋមន្ត្រី Wongsawat។

២៖ ការប្រឡូកក្នុងឆាកនយោបាយ
បន្ទាប់ពីគណបក្សអំណាចប្រជាជន​ត្រូវបានរំលាយ ចំណែកប្រធានបក្ស​ត្រូវបានហាមឃាត់​ មិនឱ្យ​ធ្វើសកម្មភាព​នយោបាយ​សម្រាប់រយៈពេលប្រាំឆ្នាំ ចាប់ពី​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០០៨តទៅ ពេលនោះអតីត​សមាជិកសភា​របស់បក្ស​អំណាចប្រជាជន បានបង្កើតបក្ស ភឿថៃ។ ដោយពេល​នោះ លោកស្រី យ៉ីងឡាក់ ត្រូវបានគេ​ស្នើឱ្យធ្វើជា​ប្រធានបក្ស ប៉ុន្តែ​លោកស្រី​បែរជាបដិសេធ ដោយបញ្ជាក់ថា លោកស្រីគ្មានបំណងចង់​ធ្វើជានាយករដ្ឋមន្ត្រី​ឡើយ។

យ៉ាងនេះក្តី​នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៩ ប្រភពពីស្ថានទូត​បានឱ្យដឹងថា ក្នុងកិច្ចប្រជុំ​ជាមួយលោកស្រី យ៉ីងឡាក់ បានថ្លែងដោយភាព​ទំនុកចិត្តអំពី «ប្រតិបត្តិការ​យុទ្ធសាស្ត្រ និងគោលដៅ​នៃបក្សភឿថៃ ដែលហាក់​បង្ហាញ​ភាពវិជ្ជមានជាង​ការប្រជុំលើកមុន ហើយទីបំផុតស្រ្តី​រូបនេះ​ក៏ប្រឡូកខ្លួនក្នុង​គណបក្ស​ភឿថៃ។

៣៖ ដំណែងជានាយករដ្ឋមន្ត្រីថៃ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤
បន្ទាប់ពីការបោះឆ្នោតសកល ការប្រជុំសភាជាលើកដំបូងនៅព្រឹក​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ បានសម្រេចជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ ក្នុងនោះ​សមាជិកសភាចំនួន ២៩៦រូប ក្នុងចំណោម ៥០០រូប បានសម្រេចបោះឆ្នោត​ជ្រើសរើស​លោកស្រី យ៉ីងឡាក់ ស៊ីនណាវ៉ាត្រា ជានាយក​រដ្ឋមន្ត្រី ដោយឡែក ១៩៧សម្លេងអនុបវាទ និង០២សម្លេងប្រឆាំង។ លោកស្រី និងរដ្ឋមន្ត្រី​របស់​លោកស្រី បានស្បថចូលកាន់​ដំណែងក្នុង​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១១។

៤៖ ទឹកជំនន់ឆ្នាំ២០១១
ក្នុងរដូវវស្សា ឆ្នាំ២០១១ មានភ្លៀងធ្លាក់ខ្លាំង​ក្លាបំផុត មិនធ្លាប់មានក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយ។ ទឹកជំនន់​ចាប់ផ្តើមកើតឡើង​នៅភាគខាងជើង​ថៃ​ នៅថ្ងៃទី៣១ ខែកក្កដា ក្នុងរយៈពេល​មួយសប្តាហ៍​បន្ទាប់​ពីការតែងតាំង លោកស្រីធ្វើជា​នាយករដ្ឋមន្ត្រី។ យ៉ាងនេះក្តី នាយករដ្ឋ​មន្ត្រីរូបនេះ មិនបានប្រកាស​ដាក់ប្រទេសក្នុង​ភាពអាសន្ននោះទេ ដោយហេតុថា វាមិនបានជួយសម្រាលវិបត្តិ​នេះឡើយ ផ្ទុយទៅវិញ​លោកស្រី​បានប្រកាសព្រមានពី​គ្រោះធម្មជាតិ ដែលធ្វើឱ្យរដ្ឋាភិបាល​របស់លោកស្រី យ៉ីងឡាក់ មានអំណាច​កាន់តែខ្លាំង​ក្នុងការគ្រប់គ្រង​គ្រោះទឹកជំនន់។

៥៖ បាតុកម្ម ឆ្នាំ២០១៣
នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ លោកស្រី បានរំលាយ​សភាថៃ និងអំពាវនាវធ្វើការបោះឆ្នោត​មុនពេលកំណត់ បន្ទាប់ពីប្រឈមមុខ​នឹងការធ្វើបាតុកម្ម​ប្រឆាំង​នឹងរដ្ឋាភិបាល។

៦៖ ការស៊ើបអង្កេត​ពីអំពើពុករលួយ​ឆ្នាំ២០១៤
ក្នុងនាមជាប្រធាន​គណកម្មាធិការស្រូវអង្ករ លោកស្រី យីងឡាក់ បានប្រឈមមុខនឹង​ការស៊ើបអង្កេត​ ពីសំណាក់ភ្នាក់ងា​រប្រឆាំងអំពើពុករលួយ ដើម្បីស៊ើបអង្កេត​ពីតួនាទីរបស់​លោកស្រី ក្នុងផែនការ​ទិញស្រូវ បន្ទាប់ពីមាន​បទចោទប្រកាន់​ពីអំពើពុករលួយ ទៅលើមន្ត្រី​ពីររូបរបស់​លោកស្រី។ គណកម្មាធិការជាតិ​ប្រឆាំងអំពើពុករលួយ បានធ្វើការត្រួតពិនិត្យក្នុងករណីលោកស្រី បានធ្វេស​ប្រហែសក្នុងកាតព្វកិច្ច​របស់ខ្លួន ក្នុងនាមជា​ប្រធានគណកម្មាធិការជាតិ​គោលនយោបាយ​អង្ករ របស់​ប្រទេសថៃ។

ទោះបីលោកស្រីធ្វើជា​ប្រធានគណៈកម្មាធិការ​ស្រូវអង្ករក្តី លោកស្រី យីងឡាក់ បានសារភាពទទួលស្គាល់កំហុស​របស់ខ្លួន ក្នុងកម្មវិធីជជែក​វែកញែក ប្រឆាំងនឹងរដ្ឋាភិបាល​នៅឆ្នាំ២០១៣ ដែលចោទប្រកាន់​លោកស្រីថា មិនដែលបាន​ចូលរួមកិច្ចប្រជុំ​ របស់គណៈកម្មាធិការជាតិ​នយោបាយស្រូវអង្ករ​នោះទេ។

នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ តុលាការ​ធម្មនុញ្ញបាន​សម្រេចជាឯកច្ឆ័ន្ទ ទម្លាក់លោកស្រី យីងឡាក់ ពីដំណែង មូលហេតុដោយសារ​លោកស្រី​បានផ្ទេរដំណែង​ក្រៅផ្លូវច្បាប់ ដល់មន្រ្តីសន្តិសុខជាន់​ខ្ពស់ម្នាក់​គឺលោក ថាវិល ផ្លេនស្រី ទៅជាអគ្គលេខាធិការ​នៃក្រុមប្រឹក្សាសន្តិសុខជាតិ​កាលពី​ឆ្នាំ២០១១។ លោក ថាវិល ត្រូវបានដកចេញ​ពី​តំណែងនៅ​ខែកញ្ញា ឆ្នាំ២០១១ ដែលនេះជា​ការត្រួសត្រាយផ្លូវ​សម្រាប់​មេប៉ូលិសថៃ លោក ប៉ុល ហ្គេនវីចៀន ចូលជំនួសដំណែង។

ក្នុងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤ គណកម្មាធិការជាតិប្រឆាំង​អំពើពុករលួយ បានព្រមព្រៀងជា​ឯកច្ឆ័នក្នុងការចោទប្រកាន់​លោកស្រីថា បានប្រព្រឹត្តអំពើពុករលួយក្នុងផែនការ​ទិញស្រូវអង្ករ ដោយបញ្ជាក់ថា មានប្រជាកសិករ​រាប់លាននាក់ នៅតែមិនទាន់ទទួលបានប្រាក់​នៅឡើយ។

៧៖ ការវិនិច្ឆ័យទោស
បទចោទប្រកាន់ទៅលើលោកស្រី យ៉ីងឡាក់ ស៊ីនណាវ៉ាត្រា បានចាប់ផ្តើមឡើង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦។ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ តុលាការកំពូលគ្រោងនឹងប្រកាសសាលក្រម  ប៉ុន្តែស្រាប់តែលោកស្រីមិនបានបង្ហាញខ្លួន។ អតីតនាយករដ្ឋមន្ត្រីរូបនេះត្រូវស្ថិតក្រោមដីការចាប់ខ្លួន និងរឹបអូសយកប្រាក់ ៣០លានបាត។

ប៉ូលីសបានប្រកាសថា មានអ្នកគាំទ្រលោក​ស្រីប្រមាណ ៣,០០០នាក់ បានប្រមូលផ្តុំនៅជុំវិញ តុលាការ​ក្នុងទីក្រុង​បាងកក មុនពេលធ្វើសវនាការ។ សេចក្តីរាយការណ៍​បានឱ្យដឹងថា លោកស្រី បានជម្លៀសខ្លួនចេញពី​ប្រទេស​ថៃ តាំងពីមុនការប្រកាស​សាលក្រមមកម្ល៉េះ។ ប្រសិនបើការ​ចោទប្រកាន់នេះ​ក្លាយជាការពិតមែន​នោះ លោកស្រីត្រូវប្រឈមមុខ​នឹងការកាត់ទោស ១០ឆ្នាំ និងហាមឃាត់​មិនឱ្យប្រឡូកក្នុង​ឆាកនយោបាយ​ជារៀងរហូត។

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ សមាជិកជាន់ខ្ពស់ក្នុង​ចំណោមបក្សរបស់លោកស្រី បានឱ្យដឹងថា លោកស្រីបានចាក​ចេញពីប្រទេស ថៃតាំងសប្តាហ៍មុន ដោយគេចទៅស្នាក់​នៅទីក្រុង ឌូបៃប្រទេស អេមីរ៉ាត់អារ៉ាប់រួម៕



បកប្រែ និងកែសម្រួលដោយ៖ ឡៃហ៊ាង