កណ្ដាល ៖ ក្នុងពិធីចែករង្វាន់ដល់សិស្សពូកែ និងគ្រូល្អ នៅអនុវិទ្យាល័យស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១៤ សីហាម្សិលមិញ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា សម្រាប់សិស្សប្រឡងបាក់ឌុបឆ្នាំនេះ លើមុខវិជ្ជានីមួយៗ ដែលទទួលបាននិទ្ទេសA គ្រូបង្រៀនមុខវិជ្ជានោះនឹងទទួលបានប្រាក់រង្វាន់ពីក្រសួង។
លោកជំទាវ គឹម សេដ្ឋានី បន្តថា បើសាលាណាមានសិស្សរបស់ខ្លួនបាននិទ្ទេសA ចាប់ត្រឹមពី៣មុខវិជ្ជាឡើងទៅ ក៏សាលានោះទទួលបានពានរង្វាន់ដែរ ពិសេសបើសាលាណាមានសិស្សទទួលបាននិទ្ទេសA នាយកសាលានោះនឹងទទួលបានប័ណ្ណសរសើររួមនឹងប្រាក់រង្វាន់ប្រចាំសាលាផងដែរ។
លោកជំទាវ បានឲ្យដឹងថា រយៈពេល៣ឆ្នាំមកនេះ ក្រសួងបានកែសម្រួលការរៀននិ ងការបង្រៀន ដើម្បីធ្វើយ៉ាងណាឲ្យសិស្សនិងគ្រូបង្រៀន មានភាពល្អប្រសើរ។ លោកជំទាវ បានបន្ថែមថា សាលាអនុវិទ្យាល័យស្វាយរលំ នឹងអាចក្លាយជាសាលាជំនាន់ថ្មី ក្នុងការទទួលបានការសិក្សាផងនិងការអនុវត្តផង ព្រោះសាលានេះ មានហេដ្ឋារចនាសម្ព័ន្ធល្អ និងសិស្សានុសិស្សមានសមត្ថភាពខ្ពស់ក្នុងការច្នៃប្រឌិត។
ចំណែក សិស្សានុសិស្ស៣រូប ថ្លែងថា ពួកគេពិតជាសប្បាយរីករាយណាស់ ដែលសាលាពួកគេបានរៀបចំចែករង្វាន់សិស្សពូកែ និងបានឲ្យពួកគេបង្ហាញនូវស្នាដៃ និងបញ្ចេញនូវសមិទ្ធភាព ដូចជាច្រៀងរាំ និងសម្ដែងសិល្បៈ លេងរបាំប្រពៃណីខ្មែរផ្សេងៗ។
ក្នុងពិធីចែករង្វាន់សិស្សពូកែនេះ មានរៀបចំតាំងពិព័រណ៍ស្នាដៃសិស្ស និងស្នាដៃធ្វើម្ហូបរបស់សិស្សជាច្រើនប្រភេទផងដែរ ដែលស្នាដៃទាំងអស់នេះ ជាការច្នៃប្រឌិតផ្ទាល់របស់ពួកគេ៕
ប្រភព៖ BayonTV