អាមេរិក៖ អាមេរិកបោះឆ្នោតកណ្តាលអាណត្តិ នៅថ្ងៃអង្គារ ទី៦ វិច្ឆិកា ២០១៨ ដែលជាការបោះឆ្នោតដ៏សំខាន់ ចាប់តាំងពីលោកដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃអង្គារ ៦ វិច្ឆិកានេះ អាមេរិកនឹងរៀបចំការបោះឆ្នោតកណ្តាលអាណត្តិ ដែលជាការបោះឆ្នោតដ៏សំខាន់មួយ ចាប់តាំងពីលោកដូណាល់ ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតី កាលពីឆ្នាំ២០១៦កន្លងទៅ។ តើអ្វីទៅជាការបោះឆ្នោតកណ្តាលអាណត្តិ? តើវាមានសារៈសំខាន់យ៉ាងណាខ្លះ ចំពោះលោកដូណាល់ ត្រាំ?
បើគិតមួយភ្លែតទៅ អាមេរិកដូចជាបោះឆ្នោតមិនចេះចប់! ជាការពិត នៅអាមេរិក ការបោះឆ្នោតសំខាន់ៗ តែងតែរៀបចំធ្វើទៅ នៅរៀងរាល់ ២ឆ្នាំម្តង គឺការបោះឆ្នោតប្រធានាធិបតី (អាណត្តិ ៤ឆ្នាំ) ដែលនៅក្នុងនោះ ក៏មានការបោះឆ្នោតសភា និងអភិបាលរដ្ឋមួយផ្នែកផងដែរ និងការបោះឆ្នោត នៅពេលដែលប្រធានាធិបតីកាន់តំណែងបានពាក់កណ្តាលអាណត្តិ ដែលគេហៅថា ការបោះឆ្នោតកណ្តាលអាណត្តិ ។
តើគេបោះឆ្នោតជ្រើសរើសអ្វី នៅក្នុងការបោះឆ្នោតកណ្តាលអាណត្តិ?នៅថ្ងៃអង្គារ ទី៦ វិច្ឆិកា ២០១៨នេះ ពលរដ្ឋអាមេរិកនឹងបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា (ឬសភាតំណាង) ព្រឹទ្ធសភា និងអភិបាលរដ្ឋ ព្រមទាំងអភិបាលក្រុង និងសមាជិកសភានៅតាមរដ្ឋនីមួយៗ។
-រដ្ឋសភា៖ សមាជិករដ្ឋសភាទាំង ៤៣៥ នឹងត្រូវបោះឆ្នោតជ្រើសរើសថ្មី។ នៅអាមេរិក សមាជិករដ្ឋសភាមានអាណត្តិតែពីរឆ្នាំប៉ុណ្ណោះ។ ដូច្នេះ ការបោះឆ្នោតជ្រើសរើសសមាជិកថ្មី ត្រូវធ្វើឡើង នៅរៀងរាល់ពីរឆ្នាំម្តង គឺម្តងស្របពេលជាមួយនឹងការបោះឆ្នោតប្រធានាធិបតី និងម្តងទៀត នៅក្នុងការបោះឆ្នោតកណ្តាលអាណត្តិ។
ព្រឹទ្ធសភា៖ សមាជិកព្រឹទ្ធសភាអាមេរិកមានចំនួនសរុប ១០០រូប ហើយមានអាណត្តិ ៦ឆ្នាំ ដោយនៅក្នុងនោះ គេរៀបចំឲ្យមានសមាជិក ១ភាគ៣ (៣៣រូប ឬ ៣៤រូប) ត្រូវផុតអាណត្តិជាបន្តបន្ទាប់គ្នា ហើយត្រូវបោះឆ្នោតជ្រើសរើសថ្មីនៅរៀងរាល់ពីរឆ្នាំម្តង គឺម្តងស្របពេលជាមួយនឹងការបោះឆ្នោតប្រធានាធិបតី និងម្តងទៀត នៅក្នុងការបោះឆ្នោតកណ្តាលអាណត្តិ។ នៅថ្ងៃទី៦វិច្ឆិកានេះ សមាជិកព្រឹទ្ធសភាដល់ទៅ ៣៥រូប ត្រូវបោះឆ្នោតជ្រើសរើសជាថ្មី ដោយសារតែមាន សមាជិក ៣៣រូប ត្រូវផុតអាណត្តិ ចំណែកឯ ២រូបទៀតបានលាឈប់មុនចប់អាណត្តិ។
អភិបាលរដ្ឋ៖ សហរដ្ឋអាមេរិក មានរដ្ឋជាសមាជិកចំនួន ៥០ ហើយរដ្ឋនីមួយៗត្រូវដឹកនាំដោយអភិបាលរដ្ឋ។ អភិបាលរដ្ឋមានអាណត្តិ ៤ឆ្នាំ លើកលែងតែនៅរដ្ឋពីរ (Vermont និង New Hampshire) ដែលអភិបាលរដ្ឋមានអាណត្តិតែពីរឆ្នាំ។ អភិបាលរដ្ឋទាំង ៥០នេះ មិនត្រូវបានបោះឆ្នោត និងចប់អាណត្តិនៅក្នុងឆ្នាំតែមួយដូចគ្នាទាំងអស់នោះទេ គឺអាស្រ័យទៅតាមច្បាប់កំណត់នៅក្នុងរដ្ឋនីមួយៗ ក៏ប៉ុន្តែ រដ្ឋភាគច្រើន (៣៤រដ្ឋ) បោះឆ្នោតជ្រើសរើសអភិបាលរដ្ឋរបស់ខ្លួន នៅក្នុងអំឡុងការបោះឆ្នោតកណ្តាលអាណត្តិ។
តើការបោះឆ្នោតកណ្តាលអាណត្តិនេះមានសារៈសំខាន់ប៉ុណ្ណាសម្រាប់លោកដូណាល់ ត្រាំ?
សភាអាមេរិក គឺជាស្ថាប័នដែលកាន់កាប់អំណាចនីតិបញ្ញត្តិ ពោលគឺ ជាអ្នកធ្វើច្បាប់ និងអនុម័តថវិកា ដែលជាធនធានចាំបាច់ ក្នុងការដាក់ចេញ និងអនុវត្តគោលនយោបាយរបស់ប្រធានាធិបតី។ លើសពីនេះទៅទៀត រាល់ការតែងតាំងចៅក្រម និងសមាជិករដ្ឋាភិបាល ចាំបាច់ត្រូវតែឆ្លងកាត់ការអនុម័តយល់ព្រមពីព្រឹទ្ធសភា។
បច្ចុប្បន្ននេះ សភាទាំងពីរ ពោលគឺ ទាំងព្រឹទ្ធសភា និងរដ្ឋសភា កំពុងស្ថិតក្រោមការកាន់កាប់របស់គណបក្សសាធារណរដ្ឋ។ ប្រសិនបើគណបក្សសាធារណរដ្ឋអាចនៅបន្តកាន់កាប់សភាទាំងពីរនេះតទៅទៀត វានឹងបង្កភាពងាយស្រួលដល់ការដាក់ចេញ និងអនុវត្តនូវនយោបាយរបស់លោកដូណាល់ ត្រាំជាបន្តទៅទៀត។ ផ្ទុយទៅវិញ លោកដូណាល់ ត្រាំនឹងត្រូវប្រឈមមុខនឹងបញ្ហាស្មុគស្មាញ ប្រសិនបើសំឡេងភាគច្រើនត្រូវធ្លាក់ទៅក្នុងដៃគណបក្សប្រជាធិបតេយ្យ។
បើទោះបីជាគណបក្សប្រជាធិបតេយ្យអាចដណ្តើមកាន់កាប់តែរដ្ឋសភាមួយក៏ដោយ ក៏ពួកគេអាចនឹងរារាំងនូវនយោបាយមួយផ្នែករបស់លោកដូណាល់ ត្រាំបាន ហើយអាចបើកការស៊ើបអង្កេត ដោយមានការបើកសវនាការសាធារណៈ និងធ្វើរបាយការណ៍ស៊ើបអង្កេត ទៅលើរឿងអាស្រូវជាច្រើន ដែលជាប់ពាក់ព័ន្ធនឹងលោកដូណាល់ ត្រាំ ជាពិសេស ទាក់ទងនឹងរឿងរុស្ស៊ីជ្រៀតជ្រែកចូលក្នុងការបោះឆ្នោត ដែលគេសង្ស័យថា ដើម្បីជួយឲ្យលោកដូណាល់ ត្រាំឈ្នះ កាលពីឆ្នាំ២០១៦កន្លងទៅ។
ប្រសិនបើគណបក្សប្រជាធិបតេយ្យអាចដណ្តើមកាន់កាប់បានសភាទាំងពីរ លោកដូណាល់ ត្រាំ អាចនឹងត្រូវប្រឈមនឹងបញ្ហាកាន់តែស្មុគស្មាញទៅទៀត ដោយសារតែព្រឹទ្ធសភាមានអំណាចរាំងខ្ទប់នូវការតែងតាំងចៅក្រម និងរដ្ឋមន្រ្តី។ លើសពីនេះទៅទៀត សភាទាំងពីរក៏មានអំណាចក្នុងការបោះឆ្នោតទម្លាក់ប្រធានាធិបតីចេញពីមុខតំណែងបានផងដែរ។
តើគណបក្សប្រជាធិបតេយ្យមានសង្ឃឹមថានឹងអាចដណ្តើមកាន់កាប់សំឡេងភាគច្រើននៅសភាបានដែរឬទេ?បច្ចុប្បន្ន នៅព្រឹទ្ធសភា គណបក្សសាធារណរដ្ឋកាន់កាប់ ៥១អាសនៈ ចំណែកគណបក្សប្រជាធិបតេយ្យមាន ៤៩អាសនៈ។ ដូច្នេះ គណបក្សប្រជាធិបតេយ្យត្រូវការយកឈ្នះលើគណបក្សសាធារណរដ្ឋតែ ២អាសនៈប៉ុណ្ណោះ នឹងអាចមានសំឡេងភាគច្រើននៅព្រឹទ្ធសភាបាន។
មើលមួយភ្លែតដូចជាស្រួល ក៏ប៉ុន្តែ ជាក់ស្តែង គឺស្មុគស្មាញ។ ក្នុងចំណោមសមាជិកព្រឹទ្ធសភា ទាំង ៣៥ ដែលត្រូវបោះឆ្នោតជ្រើសរើសថ្មី មាន ២៦ ដែលមកពីគណបក្សប្រជាធិបតេយ្យស្រាប់ ហើយក្នុងចំណោមនោះ មាន ១០ ជាសមាជិកព្រឹទ្ធសភាមកពីរដ្ឋ ដែលមានប្រជាជនភាគច្រើនបោះឆ្នោតឲ្យលោកដូណាល់ ត្រាំ កាលពីឆ្នាំ២០១៦។ ចំណែកគណបក្សសាធារណរដ្ឋវិញ មានសមាជិកព្រឹទ្ធសភាតែ ៩ប៉ុណ្ណោះ ដែលត្រូវផ្លាស់ប្តូរថ្មី ហើយក្នុងចំណោមនោះ មានតែ ១ប៉ុណ្ណោះ ស្ថិតក្នុងរដ្ឋ ដែលធ្លាប់បោះឆ្នោតឲ្យលោកស្រីហ៊ីឡារី គ្លីនតុន។ ដូច្នេះ ការដណ្តើមកាន់កាប់ព្រឹទ្ធសភា វាគឺជារឿងដ៏ស្មុគស្មាញ សម្រាប់គណបក្សប្រជាធិបតេយ្យ។
ចំពោះរដ្ឋសភាវិញ គឺជារឿងផ្សេង។ សមាជិករដ្ឋសភាទាំងអស់ត្រូវបោះឆ្នោតសាជាថ្មី ហើយបើយោងតាមការស្ទាបស្ទង់មតិជាបន្តបន្ទាប់រហូតមកទល់នឹងថ្ងៃបោះឆ្នោត គណបក្សប្រជាធិបតេយ្យ គឺជាអ្នកមានប្រៀប ក្នុងការយកឈ្នះសំឡេងភាគច្រើន (២១៨អាសនៈ)។
ទោះជាយ៉ាងណា គេមិនត្រូវភ្លេចទេថា លទ្ធផលចុងក្រោយ គឺអាចផ្ទុយពីការស្ទាបស្ទង់មតិមុនការបោះឆ្នោត។ ដូចជា ការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០១៦ ជាភស្តុតាងស្រាប់ ដែលកាលណោះ ការស្ទាបស្ទង់មតិបង្ហាញថា លោកស្រីហ៊ីឡារី គ្លីនតុន នឹងឈ្នះ តែលទ្ធផលចុងក្រោយ គឺលោកដូណាល់ ត្រាំ ជាអ្នកឈ្នះ៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)
