សម្តេចតេជោ ហ៊ុន សែន ប្រាប់អាមេរិកកុំសាងកំហុសជាថ្មីបំផ្លាញក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ប្រាប់អាមេរិកកុំសាងកំហុសជាថ្មីបំផ្លាញក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ

29/12/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់អាមេរិកកុំសាងកំហុសជាថ្មីទៀត ដែលនាំដល់ការបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅប្រកបដោយ ភាពសុខដុមក្រោមម្លប់សុខសន្តិភាពនាពេលបច្ចុប្បន្ននេះ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា អាមេរិកបានសាងកំហុសចំនួនពីរលើកមកហើយ ដែលកំហុសពីរលើកនោះបានបំផ្លាញជាតិកម្ពុជា និងនាំមកនូវក្តីវេទនាយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ក្នុងសុន្ទរកថា អបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាម និងសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងអន្លង់ភ្លើងសង្គ្រាមដ៏វេទនារយៈពេលជិត ៣ទសវត្សរ៍ក៏ដោយសារតែការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយមនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៧០ ពីសំណាក់ក្រុមសេនាប្រមុខ លន់ នល់ ស៊ីសុវត្ថិ សិរីមតៈ អ៉ិន តាំ និង ចេង អេង ជាដើមដោយមានសហអារដ្ឋអាមេរិកជាបង្អែក។
បើតាមសម្តេចតេជោ ហ៊ុន សែន ការដែលអាមេរិកធ្វើជាបង្អែកនាំឲ្យមានការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នេះ គឺជាកំហុសទី១របស់សហរដ្ឋអាមេរិក ហើយអាមេរិក បានសាងកំហុសមួយទៀត គឺគាំទ្ររបបខ្មែរក្រហម ដែលជារបបបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងកាប់សម្លាប់យ៉ាងរង្គាល។ តែអាមេរិកបែជាទទួលស្គាល់អាសនៈ របស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិរយៈពេល១២ឆ្នាំ ដោយធ្វើមិនឃើញពីការកាប់សម្លាប់ប្រជាពលរដ្ឋកម្ពុជាយ៉ាងឃោរឃៅពីរបបមួយនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវយ៉ាងដូច្នេះ «សូមអ្នកទាំងឡាយកុំបង្កការរំខាន កុំបង្កសង្គ្រាមរាំងជល់ តាមល្បិចកលរបស់ដែលហៅថា លទ្ធិប្រជាធិបតេយ្យ ឬសិទ្ធិមនុស្ស ដែលទីចុងបំផុត សូម្បីតែប្រទេសប្រជាធិបតេយ្យក៏ធ្លាប់បានកសាងកំហុស គឺគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់។ សូមឲ្យអ្នកទាំងឡាយក្តាប់ឲ្យជាប់មេរៀនពីអតីតកាល។ ប្រទេសមួយចំនួនក្តាប់ឲ្យជាប់មេរៀនពីអតីតកាល កុំកសាងកំហុសលើកទី៣។ កំហុសលើកទី១ អ្នកតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែអ្នកបានគាំទ្ររដ្ឋប្រហារយោធា តើនោះជាលទ្ធិប្រជាធិបតេយ្យ ឬក៏ជាលទ្ធិយោធានិយម? ឯទី២ អ្នកធ្លាប់បានគាំទ្រ ប៉ុល ពត ដែលសម្លាប់មនុស្សដោយគ្មានបានគិតគូរអំពីសិទ្ធិមនុស្សនោះទេ។ អ្នកបានគាំទ្រពួកគេឲ្យអង្គុយនៅអង្គការសហប្រជាជាតិរយៈពេល ១២ឆ្នាំ»

សម្តេចនាយករដ្ឋមន្ត្រីបន្តថា «ដូច្នេះសង្ឃឹមថា ប្រទេសទាំងនោះ នឹងមិនធ្វើកំហុសលើកទី៣ ដែលដាក់ទណ្ឌកម្មចំពោះអ្នកដែលបានខិតខំរក្សាសន្តិភាព ខិតខំរក្សានូវសេចក្តីសុខ និងអាយុជីវិតរបស់ប្រជាជន ដើម្បីធានាដល់ការអភិវឌ្ឍនោះទេ»

បុរសរដ្ឋដែលនាំមកនូវសុខសន្តិភាព និងបិទបញ្ចប់ទំព័រដ៏ខ្មៅងងិតរបស់កម្ពុជារូបនេះ ក៏បានទទូចឲ្យជនរួមជាតិទាំងអស់រួមគ្នារក្សានូវសុខសន្តិភាព ប្រកាន់ខ្ជាប់នូវស្មារតីនយោបាយឈ្នះ-ឈ្នះ ដើម្បីផ្តល់ឱកាសក្នុងការអភិវឌ្ឍជាតិឲ្យកាន់តែរីកចម្រើនឈានទៅសម្រេចគោលដៅប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ៕