តើ​មុទិតា​ប្រែ​សេចក្តី​ដូច​ម្តេច?

បុណ្យ៖ មុទិតា ប្រែ​ថា ដំណើរ​មានចិត្ត​រីករាយ​ទៅ​រក​សេចក្តីសុខ​របស់​អ្នក​ដទៃ​ពុំ​រើសមុខ គឺ​ដំណើរ​ដែល​ដឹង​ថា អ្នក​ដទៃ​តាមតែ​អ្នក​ណា​ដ៏​ដោយ គេ​មាន​ទ្រព្យធន បុណ្យស័ក្តិ បាន​ប្រកបដោយ​សេចក្តីសុខ​-​ចម្រើន ក៏​មានចិត្ត​ជួយ​អរ​គេ មិន​ច្រណែនឈ្នានីស​។ មុទិតា​នេះ​ជា​ធម៌​ប្រសើរ​សំខាន់​មួយ​យ៉ាង​សម្រាប់​ពពួកមនុស្ស​ទូទៅ ។ តែ​សេចក្តីចម្រើន​ទាំងនេះ​កាលបើ​ឮ​ដល់​អ្នក​ដែល​មានចិត្ត​ឥស្សា​ហើយ​ក៏​ដល់​នូវ​ការ​ស្លុតចិត្ត​គឺ​ការ​ច្រណែន​កើតឡើង​ភ្លាម ខណៈ​នេះ​បើ​មិន​មាន​វិធានការ​ទប់ស្កាត់​ទេ វា​នឹង​បណ្តាល​ឱ្យ​មានរឿង​មិនល្អ​ផ្សេង​ៗ​កើតឡើង ដែល​ជា​រឿង​គួរ​ឱ្យ​ខ្លាច​បំផុត ។

មធ្យោបាយ​ដែល​គួរ​យក​មក​កម្ចាត់​ចិត្ត​ឥស្សា​ច្រណែនឈ្នានីស គឺ​ត្រូវ​អប់រំ​ចម្រើន​នូវ​មុទិតា​ឱ្យ​បាន​ចាំ​ជាប់​ក្នុង​ចិត្តជា​និច្ច មាន​បញ្ញា​យល់​ដឹង​រឿង​ពិត​ក្នុង​លោក ត្រូវ​យល់​ថា​សម្បត្តិ​ក្នុង​លោក​នេះ​វា​មិន​អស្ចារ្យ​ណាស់​ទេ តាម​ពិត វា​គ្រាន់តែ​សម្រាប់​ដោះស្រាយ​នូវ​សេចក្តី​ទុក្ខ​លំបាក​ប្រចាំ​រូប​កាយ​បាន​តែ​មួយ​គ្រា​ប៉ុណ្ណោះ តែបើ​រូប​កាយ​មិន​មាន​គឺ​ស្លាប់​ទៅ​ហើយ ក៏​មិន​ចាំបាច់​ត្រូវការ​ទ្រព្យសម្បត្តិ​បន្តិចបន្តួច​ឡើយ ប្រៀប​ដូច​ជា​ថ្នាំ​សម្រាប់​ព្យាបាល​រោគ ថ្នាំ​មិន​សំខាន់​ជាង​អ្វី​ដែល​យើង​មិន​មាន​រោគព្យាបាល​នោះ​ទេ ដូច្នេះ​ខ្លឹមសារ​សំខាន់​ក្នុង​ជីវិត គឺ​ការ​ប្រព្រឹត្ត​ធម៌​ដើម្បី​រំលត់ទុក្ខ​តែ​ម្យ៉ាង​ប៉ុណ្ណោះ ។

សាធុជន​ត្រូវ​ហាត់​អប់រំ​ចម្រើន​នូវ​មុទិតា ដោយ​ចាប់ផ្តើម​ពី​ក្រុម​គ្រួសារ​ទៅ​មុន រួច​ហើយ​ផ្សាយ​មុទិតា​នេះ​ពង្រីក​ទៅ​ដល់​អ្នក​ដទៃ​ជា​ខាងក្រៅ​បន្ត​ទៀត ធ្វើ​បាន​បែប​នេះ​ឥស្សា​ការ​ច្រណែនឈ្នានីស​ក៏​នឹង​សាបសូន្យ​ទៅ ព្រោះហេតុនោះ​ហើយ​បានជា​លោក​ពោល​ថា បុគ្គល​ដែល​មាន​តែ​មុទិតា​ចំពោះ​អ្នក​ដទៃ សិរី​សួស្តី និង​សេចក្តីសុខ​ចម្រើន​ក៏​ចូល​មក​រក​ជីវិត​ព្រម​គ្នា​នឹង​គុណធម៌​ផ្សេង​ៗ​ទៀត​ដ៏​ច្រើន ។
តើ​មុទិតា​ប្រែ​សេចក្តី​ដូច​ម្តេច? តើ​មុទិតា​ប្រែ​សេចក្តី​ដូច​ម្តេច? Reviewed by Soeurm Ro on 12/26/2018 Rating: 5
Powered by Blogger.