(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបង្ហាញរូបភាពអនុស្សាវរីយ៍មួយសន្លឹក ថតក្នុងទសវត្សរ៍ឆ្នាំ៨០ នៅពេលសម្តេចធ្វើជារដ្ឋមន្ត្រីការបរទេស និងជាពេលកម្ពុជាស្ថិតក្នុងស្ថានភាពដ៏យ៉ាប់យឺនបំផុតក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ថ្មីៗ ជាពិសេសជាពេលដែលប្រទេសលោកសេរីហ៊ុមព័ទ្ធសេដ្ឋកិច្ច។
ជាមួយនឹងការបង្ហាញរូបភាពដ៏ចំណាស់មួយសន្លឹកនេះទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានសរសេររៀបរាប់ និងក្រើនរំលឹកពីគុណតម្លៃនៃសុខសន្តិភាពដែលកម្ពុជារកបានមកដោយលំបាកនេះផងដែរ។ សម្តេចតេជោ បានគូសបញ្ជាក់លើទំព័រ Facebook សម្តេចថា «សន្តិភាពពិតជាមានតម្លៃខ្លាំងបំផុតដែលមិនអាចកាត់ថ្លៃបានឡើយ។ សន្តិភាពបានធ្វើឱ្យប្រទេសជាតិយើងទាំងមូលកាន់តែរីកចម្រើនរុងរឿង។ សន្តិភាពបានធ្វើឲ្បងប្អូនជនរួមជាតិរស់នៅជួបជុំក្រុមគ្រួសារសប្បាយរីករាយគ្រប់ទីកន្លែង»។
សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណជនរួមជាតិទាំងអស់ដែលបានចូលរួមថែរក្សាសុខសន្តិភាពផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ពីកាលបរិច្ឆេទនៃការថតរូបភាពអនុស្សាវរីយ៍មួយសន្លឹកដែលសម្តេចបានបង្ហោះផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា «កម្ពុជាពេលនោះ និងពេលនេះ គឺខុសគ្នាដាច់ស្រឡះ»។
បើតាមសម្តេចតេជោ ហ៊ុន សែន រូបថត១សន្លឹកនេះប្រហែលជាថតក្នុងឆ្នាំ១៩៨២ ហើយរូបកូនតូចក្នុងរូបនោះថតនោះ គឺលោកស្រី ហ៊ុន ម៉ាណា ដែលកាលនោះមានអាយុប្រហែល២ឆ្នាំប៉ុណ្ណោះ។
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister
