ខេត្តព្រះសីហនុ៖ តំបន់មាត់សមុទ្រខ្មែរ ដែលមានសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍ កំពុងតែត្រូវបានបង្ក ឱ្យមានបាតុភាពជាបន្តបន្ទាប់ ពីសំណាក់ជនជាតិចិន ដែលមានចំនួនកាន់តែច្រើនឡើងៗ បង្កភាពអនាធិបតេយ្យបង្រា្កបមិនចេះអស់ ។
រឿងដែលចាប់អារម្មណ៍នោះម្តងនេះ លោក យន្ត មីន អភិបាលខេត្តក៏ដេកមិនលក់ដែរ បានចេញមុខទៅជួយបង្រា្កបទាំងកណ្តាលអធ្រាត្រ ប្រៀបដូចជួយពង្រឹងកងកម្លាំងឱ្យកាន់តែក្លាហាន ។ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត បានឆ្មក់ចូលក្លឹបរាត្រីខារ៉ាអូខេ សុីតុងហ្វាង របស់ជនជាតិចិនមួយកន្លែងជាទ្រង់ទ្រាយធំ វេលារំលងអធ្រាត្រឈានចូលថ្ងៃ២៦ សីហា ដែលជាទីតាំងសេពគ្រឿងញៀនយ៉ាងអនាធិបតេយ្យ ដោយបានឃាត់ខ្លួនប្រុសស្រី៦២នាក់ ។ នេះជាការបង្ក្រាបលើកទី២ហើយរបស់នគរបាលខេត្ត បន្ទាប់ពីឆ្មក់បង្ក្រាបនៅរង្គសាលបារឌីស្កូស្តាយឡាញកាលពីថ្ងៃ១៦ សីហា កន្លងមក ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តឱ្យដឹងថា នៅវេលារំលងអធ្រាត្រចូលថ្ងៃទី២៦ សីហា ដោយមានការសម្របសម្រួលផ្លូវច្បាប់ ពីលោក កៀង សន្ទរោ ព្រះអាជ្ញារងអមសាលាដំបូងខេត្តនិងចូលរួមបញ្ជាដឹកនាំដោយ លោក យន្ត មីន អភិបាលខេត្តនិងលោកផ្ទាល់ផងនោះ កម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀនបានឆ្មក់ចូលត្រួតពិនិត្យ និងឆែកឆេរនៅក្នុងក្លឹបរាត្រីខារ៉ាអូខេមួយកន្លែងយីហោ(សុីតុងហ្វាង)ដែលមានទីតាំងស្ថិតនៅក្រុម២៧ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ របស់ជនជាតិចិន ។
លោកឧត្តមសេនីយ៍ទោស្នងការបានឱ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការនេះនគរបាលឃាត់ខ្លួនជនសង្ស័យបានសរុបទាំងអស់ចំនួន៦២នាក់ ក្នុងនោះស្រី១៥នាក់ ម្ចាស់អាជីវកម្មម្នាក់ មេការម្នាក់ អ្នកជួញដូរម្នាក់ និងភ្ញៀវមកកម្សាន្តប្រើប្រាស់គ្រឿងញៀននៅក្នុងក្លឹបនេះចំនួន៥៩នាក់ ។ លទ្ធផលបឋម កម្លាំងសមត្ថកិច្ចនគរបាលបានដកហូតវត្ថុតាងមាន ម្សៅក្រាមពណ៌សថា្ល សង្ស័យជាសារធាតុញៀនចំនួន២២កញ្ចប់តូច និង១កញ្ចប់ធំ បន្ទះឈើ (ជ្រុញ) សម្រាប់ហិត១៥បន្ទះ ។ ថ្នាំញៀនកេតតាមីន ប្រភេទទឹក (ketamine)ចំនួន១ដប ។ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១កំប៉ុងតូច និងម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១កំប៉ុងធំ ។
ជុំវិញការបង្ក្រាបនេះ កម្លាំងនគរបាលជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវីធីច្បាប់ ។ លោកឧត្តមសេនីយ៍ត្រី ស៊ុន សុផាត ស្នងការរងទទួលការងារកណ្តាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ឱ្យដឹងដែរថា ក្នុងប្រតិបត្តិរបស់នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តនេះ បានធ្វើឡើងជាលក្ខណៈទ្រង់ទ្រាយធំចំនួន២ករណីមកហើយ ដែលលើកទី១ការឆ្មក់ចូលបង្ក្រាបនៅរង្គសាល(បារឌីស្កូ)ស្កាយឡាញកាលពីថ្ងៃទី១៦ សីហា កន្លងមក និងលើកទី២នៅក្នុងទីតាំងខាងលើនេះ ។
លោកឧត្តមសេនីយ៍ត្រីស្នងការរងបានបញ្ជាក់ទៀតថា កម្លាំងនគរបាលជំនាញនៅតែបន្តប្រយុទ្ធប្រឆាំងជាប្រចាំដើម្បីអនុវត្តគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋយើង និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលចូលមកកម្សាន្តនៅខេត្តមាត់សមុទ្រនេះ ។
ក្នុងហេតុការណ៍មុននេះដែរ ទាក់ទិននិងក្រុមជនជាតិចិនកាលពីយប់ថ្ងៃ២៤ សីហា នគរបាលខេត្ត បានឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់បន្ថែមទៀត ខណៈដើរចែកចាយរូបភាពអាសអាភាសក្នុងបំណងជួញដូរផ្លូវភេទ ដោយយករូបស្រីចិនសាច់សខ្ចីធ្វើនុយ ។
តាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា នៅវេលាម៉ោង១១និង៣០នាទីយប់ជនជាតិចិនមួយក្រុមមានគ្នា៤នាក់ ក្នុងនោះស្រី២នាក់បានដើរចែកចាយខិត្តប័ណ្ណមានរូបអាសអាភាសផ្សព្វផ្សាយពីការលក់ដូរផ្លូវភេទ ។
ក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ចបានដកហូតទូរស័ព្ទ៤គ្រឿង ខិត្តប័ណ្ណមានរូបអាសអាភាសចំនួន៦៨៤សន្លឹក និងរថយន្តម៉ាកឡិចស៊ីសមួយគ្រឿង ។ នគរបាលកំពុងតែកសាងសំណុំរឿងបញ្ជូនអ្នកទាំង៤ទៅតុលាការ ។
កាលពីថ្ងៃទី១២ សីហា សមត្ថកិច្ចអាជ្ញាធរក្រុងព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិន២៩នាក់ ពាក់ព័ន្ធនឹងការចែកខិត្តប័ណ្ណរូបអាសអាភាស ហើយក្នុងចំណោមនោះ៧នាក់ត្រូវបញ្ជូនទៅតុលាការ ចំណែកអ្នកផ្សេងទៀត ក្រោយពេលអប់រំក៏បានដោះលែងវិញ ។នគរបាលជាតិឱ្យដឹងទៀតថា ជនបរទេសដែលប្រព្រឹត្តបទល្មើសក្នុងត្រីមាសទី២ឆ្នាំ២០១៨ មាន២៥សញ្ជាតិ ក្នុងនោះមានជនជាតិចិនច្រើនជាងគេមាន២៥៧នាក់ បន្ទាប់មកនីហ្ស៊េរីយ៉ា៣៧នាក់ វៀតណាម១៤នាក់និងជនជាតិផ្សេងៗបន្តបន្ទាប់ទៀត ៕ (អត្ថបទដោយ ទេព វណ្ណះ)