​សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន១០ចំណុច ដើម្បីរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិ កាន់តែទូលំទូលាយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន១០ចំណុច ដើម្បីរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិ កាន់តែទូលំទូលាយ

10/08/2018
(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន តាមរយៈសារាចរណែនាំ ដោយដាក់ចេញនូវគោលការណ៍ចំនួន១០ចំណុច ដើម្បី​​ឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ រៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ឲ្យបានទូលំទូលាយ និងផ្សព្វផ្សាយឲ្យប្រជាជនកម្ពុជាគ្រប់វ័យ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យ នៃទិវានេះ។
សារាចរណែនាំដែលអង្គភាព VOB News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់នូវគោលការណ៍ទាំង១០ចំណុចយ៉ាងដូច្នេះថា៖

​១៖ ប្រធានបទនៃទិវាមមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិ លើកទី២០ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ត្រូវបានកំណត់ថា «សមាគមមនុស្សចាស់ ជាយន្ដការដ៏សំខាន់ ក្នុងការថែរក្សាវប្បធម៌ គ្រួសារ និងសង្គមជាតិ»។

២៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ត្រូវសហការជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអង្គការអន្ដរជាតិ ដែលពាក់ព័ន្ធដើម្បីចាត់តាំងពីធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ឲ្យបានអធិអធម។

៣៖រាជធានី-ខេត្ត ត្រូវរៀបចំពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិ ដោយបង្កលក្ខណៈឲ្យមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ បព្វជិត លោកយាយ លោកតា ព្រមទាំងប្រជាជនគ្រប់វ័យបានចូលរួម ដើម្បីបង្កើនការយល់ដឹងឲ្យកាន់តែទូលំទូលាយ អំពីសារៈសំខាន់នៃគោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់ ២០១៧-២០១៨។

៤៖ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្ដរជាតិសូមបន្ដជួយគាំទ្រ ដល់កម្មវិធីអភិវឌ្ឍន៍សមាគមមនុស្សចាស់ ដែលមានស្រាប់ និងត្រូវបន្ដផ្ដល់ការអន្ដរាគមន៍ជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់បន្ថែមទៀត នៅតាមសហគមមូលដ្ឋានឲ្យបានទូទាំងប្រទេសកម្ពុជា ស្របតាមផែនការដែលបានកំណត់ ឈរលើស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមក រវាងមនុស្សវ័យចាស់ទូទៅ ពិសេសយកចិត្តទុកដាក់ជួយមនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ គ្មានទីពឹង។

៥៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំកម្មវិធីចុះសំណេះសំណាលជាមួយមនុស្សវ័យចាស់ អនុវត្ដតាមគោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់ នៅតាមមូលដ្ឋានវត្តអារាម វិហារសាសនានានា ដោយនាំយកជំនួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លាជួយដល់មនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ គ្មានទីពឹង ។ល។

៦៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើសេចក្ដីណែនាំដល់គ្រប់សាកលវិទ្យាល័យ វិទ្យាស្ថាន មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ជំរុញចលនា សិស្ស និស្សិត ឲ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ និងឲ្យយល់ដឹងអំពីការប្រែប្រួលរបស់មនុស្សវ័យចាស់ ព្រមទាំងបង្កើតកម្មវិធី ក្រៅម៉ោងសិក្សា ចុះសួរសុខទុក្ខមនុស្សវ័យចាស់ ពិសេសជួយបំពេញការងារជាឧត្តមប្រយោជន៍ជូនមនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ គ្មានទីពឹង នៅក្នុងមូលដ្ឋានស្ថិតនៅជិតកន្លែងសិក្សារបស់ខ្លួន។

៧៖ ក្រសួងធម្មការ និងសាសនា ត្រូវធ្វើការណែនាំចលនានៅតាមវត្តអារាម វិហារសាសនាទូទាំងប្រទេស តាមរយៈបុព្វជិតសាសនា ដៃគូអភិវឌ្ឍ សប្បុរសជនានា និងមូលនិធិផ្សេងទៀត ដើម្បីឲ្យមានសកម្មភាពជួយឧបត្ថម្ភគាំទ្រពីប្រជាជនដល់មនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ គ្មានទីពឹង ស្របតាមគោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់ ដើម្បីឲ្យអ្នកទាំងនោះអាចស្នាក់នៅសមរម្យមានអាហារទទួលទាន អាចសំរានលក់ស្ងប់អារម្មណ៍ និងអាចតាំងសមាធិ សមាទានសីល ព្រមទាំងទទួលបានសេវាថែទាំងផ្សេងៗទៀត ជាបន្ដបន្ទាប់។

៨៖ ក្រសួងព័ត៌មាន ត្រូវណែនាំបណ្ដាញសារព័ត៌មានរដ្ឋ និងឯកជនទាំងអស់ផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវខ្លឹមសារសកម្មភាពក្នុងឱកាស ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨។

៩៖ គ្រប់ក្រសួង ស្ថាប័ន រាជធានី-ខេត្ត ត្រូវរៀបចំបដានៅតាមអង្គភាព និងទីសាធារណៈតាមខ្លឹមសារដូចតទៅ៖ ជយោ! ព្រះរាជាជាណាចក្រកម្ពុជា, អបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិ ១តុលា, មនុស្សវ័យចាស់ជាមរតកដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ, គោរពដឹងគុណចំពោះមនុស្សវ័យចាស់ គឺជាកតញ្ញូតាធម៌ គ្រួសារមានសុភមង្គល សង្គមរីកចម្រើន, កសាងសង្គមដែលមានការអភិវឌ្ឍសម្រាប់មនុស្សគ្រប់វ័យ និងសមាគមមនុស្សចាស់ជាយន្ដការដ៏សំខាន់ ក្នុងការថែរក្សាវប្បធម៌ គ្រួសារ និងសង្គមជាតិ។

១០៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា គណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្ដរជាតិ ត្រូវធ្វើការណែនាំអនុវត្តតាមសារាចរនេះ និងបូកសរុបលទ្ធផលការងារជូនរាជរដ្ឋាភិបាល៕​