- សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog
29/06/2018
(ភ្នំពេញ)៖ ដោយគិតពីបញ្ហាកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ស្របពេលដែលប្រទេសកម្ពុជាកំពុងតែបន្ដការអភិវឌ្ឍនោះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ​នឹងមានការចុះហត្ថលេខាជាមួយសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសាងសង់ផ្លូវក្រវាត់​រាជធានីភ្នំពេញទី៣ ក្នុងពេលឆាប់ៗខាងមុខនេះ។
ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីបើកការដ្ឋាន សាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់ចោមចៅ ដែលជាស្ពានអាកាសទី៦ នៅក្នុងរាជធានីភ្នំពេញ ដែល​សាងសង់ដោយក្រុមហ៊ុន​ វិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាប្រមាណ ២២លានដុល្លារអាមេរិក។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងកំពុងតែធ្វើផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ តែនៅពេលខាងមុខ យើងនឹងធ្វើផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ បន្ថែមទៀត ដែលនឹងចុះហត្ថលេខាជាមួយសាធារណរដ្ឋប្រជាមានិតចិន នៅពេលខាងមុខនេះ»

ក្រៅពីគម្រោងផ្លូវខ្សែក្រវាត់ក្រុងទី៣ហើយនោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៅក្នុងពិធីនៅព្រឹកមិញនេះ ក៏បានគូសបញ្ជាក់ថា​ រាជរដ្ឋាភិបាល មិនមែនត្រឹមធ្វើស្ពានបន្ថែមនៅរង្វង់មូល ចោមចៅនោះទេ ​ពោលរាជរដ្ឋាភិបាល កំពុងសិក្សាធ្វើស្ពានអាកាសនៅកន្លែងដ៏ទៃទៀត ដើម្បីកាន់តែបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ស្របពេលយានយន្ដកាន់តែមានកំណើតជាបន្ដបន្ទាប់។

សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា នៅពេលសម្ដេចទៅទស្សនកិច្ចនៅប្រទេសជប៉ុន សម្ដេចបានពិភាក្សាជាមួយនាយករដ្ឋមន្ដ្រីជប៉ុន ​អំពីការធ្វើរថភ្លើងលើអាកាស ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ព្រោះបើ​មិនប្រើវិធីនោះទេ គឺការកកស្ទះចរាចរណ៍នេះ នៅតែបង្កការលំបាក។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងដម្កល់ប្រយោជន៍ជាតិជាធំរូបនេះ ក៏បានរំលឹកថា ​កាលពីមុនគិតត្រឹមរកទឹកស្អាត និងភ្លើងសម្រាប់ប្រើប្រាស់ មិនបានគិតដល់ការកកស្ទះចរាចរទេ តែពេលបច្ចុប្បន្នទាមទារឲ្យមានការគិតគូរដោះស្រាយបញ្ហាកកស្ទះចរាចរ ដែលជាហេតុនាំឲ្យមានការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីជាបន្តបន្ទាប់។

បើតាមសម្ដេចនាយករដ្ឋមន្ដ្រី រាជធានីភ្នំពេញបច្ចុប្បន្ន ក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ ប្រមាណ​៤០ឆ្នាំមកនេះ បានក្លាយជាទីក្រុងពោរពេញ​ដោយ ការអភិវឌ្ឍ និងរីកចម្រើន ខណៈដែលផ្ទៃដីបានរីកធំពីត្រឹម​៣០០គីឡូម៉ែត្រក្រឡា ដល់ទៅជាង ៦០០គីឡូម៉ែត្រក្រឡា ហើយក៏ប្រឈមការកកស្ទះ៣យ៉ាង រួមមាន៖ កកស្ទះចរាចរ កកស្ទះលូ និងកកស្ទះ​សំរាម ខណៈដែល​រឿងបែបនេះកាលពីទសវត្សរ៍ឆ្នាំ៨០ មិនមាននោះឡើយ៕​