ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន​ អញ្ជើញបិទពិធីសូត្រលើកទី២៧​ និងការប្រឡងចាំមាត់លើកទី១​ គម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ​ ឆ្នាំ២០១៨ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន​ អញ្ជើញបិទពិធីសូត្រលើកទី២៧​ និងការប្រឡងចាំមាត់លើកទី១​ គម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ​ ឆ្នាំ២០១៨

05/03/2018
(កំពត)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន សែន​ បានអញ្ជើញបិទការសូត្រលើកទី២៧​ និងការប្រឡងចាំមាត់លើកទី១​ គម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ​ ឆ្នាំ២០១៨ នៅវិហារភូមិកំពង់កែស​ ឃុំត្រពាំងសង្កែ​ ស្រុកទឹកឈូ​ ខេត្តកំពត។
ពិធីសូត្រគម្ពីររបស់សាសនាឥស្លាមនេះ​ រៀបចំដោយគណ:ដឹកនាំជាន់ខ្ពស់នៃសាសនិកឥស្លាមកម្ពុជា​ សហការជាមួយ​ ក្រសួងធម្មការ​ និង​ សាសនា​ បានប្រព្រឹត្តទៅដោយរលូន​ ក្រោមប្រធានបទ​ ឥស្លាម​ និង​សីលធម៌ រយ:ពេលពីរថ្ងៃ​ គឺថ្ងៃទី០៣​-០៤ ខែមីនា ឆ្នាំ២០១៨។

ក្នុងចំណោម​ ករី-ករីអះ​ (បេក្ខជន-បេក្ខនារី)​ ចំនួន​៤០​នាក់​ មកពីរាជធានីខេត្តទូទាំង​ប្រទេសអញ្ជើញចូលរួមសូត្រ គណៈមេប្រយោគ ក៏បានរកឃើញ​ ករី-ករីអះ​ ជ័យលាភីផ្នែកបុរសចំនួន​ ៣នាក់​ និង​ជ័យលាភីផ្នែកនារីចំនួនបីនាក់​ គឺផ្នែកបុរស​ លេខ១​ បានទៅលើករីឈ្មោះ​ យូសុះ​ សាឡឹម មកពីខេត្តកណ្តាល​ លេខ២​ ករីឈ្មោះ​ សុះ​ សាន់សារី​ មកពីខេត្តព្រៃវែង និង​ លេខ៣​ ករីឈ្មោះ​ សេន​ ស៊ុល​ មកពីខេត្តត្បូងឃ្មុំ។ ចំណែកផ្នែកនារី​ លេខ១​ ករីអះឈ្មោះ​ សើ​ ម៉ៃយ៉ុម​ មកពីខេត្ត​កំពត​ លេខ២​ ករីអះឈ្មោះ​ ជី​ ម៉ៃសំ​ មកពីខេត្ត​រតនៈគីរី​ និង​ លេខ៣​ ករីអះឈ្មោះ​ សើ​ រ៉ោះម៉ះ​ មកពីខេត្តប៉ៃលិន។ រីឯក្នុងចំណោមករី-ករីអះ​ ប្រឡងសូត្រចាំមាត់ចំនួន​ ១៤​នាក់​ លេខ​១​ ករីឈ្មោះ​ ការីម​ មូហាំម៉ាត់ហ្សៃនី​ មកពីខេត្តបាត់ដំបង​ លេខ២​ ករីឈ្មោះ​ សាន់​ ស៊ុលហ្សារី​ មកពីខេត្តក្រចេះ​ និង​ លេខបី​ ករីឈ្មោះ​ លី​ អារីហ្វ​ មកពីខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានថ្លែងថា រាជរដ្ឋាភិបាល​ ដែលមាន​ក្រសួងធម្មការ​ និង​សាសនា​ ជាសេនាធិការ​ បានសហការ​ និងគាំទ្រចំពោះការជួបជុំគ្នារបស់បងប្អូនសាសនិកឥស្លាម​ ដើម្បីប្រារព្ធពិធីប្រពៃណីផ្សេងៗ​របស់សាសនិកឥស្លាម​កម្ពុជា​ ស្របតាមគោលនយោបាយសុខដុមនីកម្មជាតិ​ និងវប្បធម៌ពហុជនជាតិ​ ដែលមានសកម្មភាពយ៉ាងផុសផុល​ និងសស្រាក់សស្រាំ។​

លោកស្រីឧបនាយករដ្ឋមន្ដ្រី​ ក៏បានបង្ហាញនូវការពេញចិត្តចំពោះប្រធានបទឆ្នាំនេះ​ ឥស្លាម​ និង​សីលធម៌ ពិតជាសមស្របបំផុតសម្រា​ប់បរិយាការណ៍បច្ចុប្បន្ន​ ​ដែលពិតជាបង្ហាញពីគុណធម៌របស់គម្ពីរសាសនាឥស្លាម​ ដែលនឹងត្រូវស្តែងចេញជាសកម្មភាពជាក់ស្តែង​ និងរស់រវើក​នៅក្នុងសហគមន៍ឥស្លាម​ ក្នុងការឆ្លើយតបទៅនឹងបរិបទពិភពលោក​ ជាពិសេសរដ្ឋាភិបាលកម្ពុជាចំពោះប្រជាជាតិ​ ដែលតែងតែយកចិត្តទុកដាក់លើបញ្ហាសីលធម៌ជាអាទិភាព។

ក្នុងនាមសម្តេចតេជោ​ នាយករដ្ឋមន្ត្រី​ និងតាងនាមរាជរដ្ឋាភិបាលកម្ពុជា​ លោកស្រី ម៉ែន​ សំអន​ បានចូលរួមអបអរសាទរ​ និងកោតសរសើរ​ចំពោះជោគជ័យ​ និង​លទ្ធផលល្អ​ ដែលសហគមន៍ឥស្លាមទទួលបាន​ ក្នុងការចូលរួមសូត្រគម្ពីររបស់ករី-ករីអះ​ តំណាងឲ្យកម្ពុជាលើឆាកអន្តរជាតិកន្លងមក​ ដែលបានបង្ហាញថា​ កម្ពុជាពិតមែនតែជាប្រទេសតូច​ មានសាសនិកឥស្លាមតិចតួចបំផុត​ តែទទួលបានលទ្ធផលល្អ​ អាចប្រជែងជាមួយប្រទេសធំៗ​ និងមានសាសនិកឥស្លាមជាច្រើន​ ដែលបាចូលរួមសូត្រ។​

លោកស្រី​ ក៏បានកោតសរសើរ​ដល់បងប្អូនសាសនិកឥស្លាមទូទាំងប្រទេស​ ដែលបានខិតខំថែរក្សាប្រពៃណីដ៏ល្អរបស់ខ្លួន​ ពិសេសការសូត្រគម្ពីរអាល់គួរ៉ាអាន​ ដែលមានការលំបាកបំផុត​ នៅតាមសហគមន៍​ និងគ្រួសារ៕